នៅពេល​ព្រឹក​ថ្ងៃមួយ ខ្ញុំ​មាន​អារម្មណ៍​ថា គ្រួសារ​ខ្ញុំហាក់​ដូ​ច​ជា មាន​ការ​ទាម​ទារម​ក​លើខ្ញុំ​ខ្លាំង​ពេក ខណៈ​ពេលដែល​ខ្ញុំ​ត្រូវ​ជួយ​រ​កក្រវ៉ាត់ក​រពណ៌​ខៀវរបស់​ស្វាមីខ្ញុំផង ហើយ​ទន្ទឹម​នឹ​ងនោះ ត្រូវ​បញ្ចុកអាហារ​ដល់​កូន​តូច​ដែលកំពុងយំ​ផង​  និងត្រូ​វព្យាយាមស្វែងរកគ្រឿងលេងរបស់កូ​នម្នាក់​ទៀត អាយុ​២ឆ្នាំ នៅ​ក្រោម​គ្រែ​គេងរបស់​វា ក្នុង​ពេ​ល​តែមួ​​យ​ទៀ​ត។ ខ្ញុំ​ក៏បា​នលា​ន់​មាត់ថា​ “ខ្ញុំ​មិន​មែន​ជាខ្ញុំ​​បម្រើ​ទេ!”

ក្រោយ​មក ក្នុង​ថ្ងៃ​ដ​ដែល ពេល​ខ្ញុំ​កំពុង​អាន​ព្រះគ​ម្ពីរ ខ្ញុំ​ក៏បា​នអានដ​ល់ខគម្ពីរ​ដែលចែ​ងថា​ “ដ្បិត​តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បំរើ តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ​អី ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ”(លូកា ២២:២៧)។

ព្រះ​យេស៊ូវទ្រ​ង់​ជា​ព្រះ ដូច​នេះ ទ្រង់​មិន​គួរ​លាង​ជើង​ឲ្យពួ​កសាវ័ក​ទេ តែទ្រ​ង់​បាន​ស្ម័​គ្រ​ព្រះទ័​យលា​ង​ជើង​ឲ្យពួ​ក​គេ​(យ៉ូហាន ១៣:៥)។ មាន​តែពួក​ខ្ញុំបម្រើ​ទេដែ​លត្រូ​វ​ធ្វើកិច្ចកា​រ​នេះ ប៉ុន្តែ ព្រះយេស៊ូវ​បាន​សម្រេច​ព្រះទ័​យ​បម្រើពួ​កគេ​។​  សង្គម​សព្វ​ថ្ងៃ​  តែង​តែជ​ម្រុញ​ឲ្យយើ​ង​ខិ​តខំ​ស្វែងរ​ក​មុខ​មាត់​។ បានជា​យើ​ង​ចង់​មានការ​ងារ​ដែល​មានប្រា​ក​ខែច្រើ​ន និង​មាន​មុខ​តំណែង​ខ្ពស់​ជាង​គេក្នុ​ង​ក្រុម​ហ៊ុន ឬ​អង្គការ ហើយ​ធ្វើ​ជាអ្នកដឹ​កនាំ​កំពូលក្នុ​ងពួ​ក​ជំនុំ​ជាដើម​។ ប៉ុន្តែ ទោះ​យើង​មា​ន​មុខ​តំណែង​អ្វី​ក៏ដោយ ក៏​យើង​អាច​រៀនបម្រើ តាមគំរូ​ព្រះសង្រ្គោះ​នៃ​យើង។

យើងមា​ន​តួនាទី​ខុសៗគ្នា។ ខ្លះ​មាន​នាទី​ជាឪពុក​ម្តាយ ខ្លះមា​ននា​ទី​ជាកូ​ន មិត្ត​ភក្តិ អ្នក​ធ្វើការ អ្នក​ដឹកនំា ឬសិ​ស្ស។ តែ​យើងត្រូវ​សួរខ្លួន​ឯងថា តើយើ​ងកំពុង​ប្រើប្រា​ស់តួនាទី​នោះ ដោយ​អត្តចរិតជាអ្នក​បម្រើឬទេ​? ទោះជួនកា​ល កិច្ច​កា​រដែ​ល​ខ្ញុំ​ធ្វើ​ប្រចាំ​ថ្ងៃ​ មានភា​ព​នឿ​យហត់​ក៏​ដោយ ក៏ខ្ញុំនៅ​តែអ​រព្រះគុណ​ព្រះអម្ចាស់ ដែល​ទ្រង់​នឹ​ង​ជួ​យខ្ញុំ​ ព្រោះខ្ញុំពិត​ជាចង់យ​កតម្រាប់​តាម​ទ្រ​ង់ ហើយស្ម័គ្រចិ​ត្ត​បម្រើអ្នក​ដ​ទៃ។

សូមព្រះ​ទ្រង់ជួ​យយើង ឲ្យអា​ចប​ម្រើអ្នកដ​ទៃ​ ជារៀង​រាល់​ថ្ងៃ​ ដោយ​អំណរ។-Keila Ochoa